[English Below]
ដំណើរទស្សនកិច្ចសិក្សា សម្រាប់ក្រុមកសិករជនជាតិដើមភាគតិចកួយ មកពីខេត្តព្រះវិហារ
ការចុះទស្សនកិច្ចនេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរបទពិសោធន៍ និងការរៀនសូត្រអំពីការអនុវត្តកសិកម្មអេកូឡូស៊ី ព្រមទាំងបច្ចេកទេសកសិកម្មផ្សេងៗដែលអាចអនុវត្តបានក្នុងសហគមន៍។
គោលបំណងសំខាន់គឺពង្រឹងសមត្ថភាពកសិករ លើកកម្ពស់ចីរភាពក្នុងការផលិត និងជំរុញការអភិវឌ្ឍជីវភាពរស់នៅតាមរយៈការអនុវត្តជាក់ស្តែង។
(កាលបរិច្ឆេទ៖ ១១–១២ ខែកុម្ភៈ ២០២៦)
សមាគមនិរន្តរភាពដីដើម្បីជីវិត (Sustainable Soil for Life Association–SSLA) បានរៀបចំដំនើរទស្សនៈកិច្ចសិក្សារយៈពេលពីរថ្ងៃសម្រាប់ក្រុមកសិករជនជាតិដើមភាគតិចកួយ និងក្រុមជនងាយរងគ្រោះដែលទទួលផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ នៅក្នុងខេត្តព្រះវិហារ។
ទីតាំងអនុវត្តកម្មវិធី៖
១.សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈកសិកម្មបាយ័ន (TVET), ខេត្តសៀមរាប – កម្មវិធីផ្លាស់ប្ដូររៀនសូត្រ
២.កសិដ្ឋានគំរូ ចំនួន៣ ទីតាំង នៅខេត្តបាត់ដំបង – ទស្សនៈកិច្ចសិក្សាស្រាវជ្រាវ សង្កេត និងរៀនពីគំរូកសិកម្មអេកូឡូស៊ី (Agroecology) ជាក់ស្តែង
ថ្ងៃទី ១៖ ទស្សនៈកិច្ចនៅមជ្ឈមណ្ឌល TVET Bayan/(ទីតាំង៖ ខេត្តសៀមរាប)
អ្នកចូលរួមបានស្វែងយល់ពីគំរូកសិកម្មកសិអេកូឡូស៊ីតាមរយៈការសង្កេត និងការចូលរួមពិភាក្សា។
ចំណុចសំខាន់រួមមាន៖
•គំរូកសិកម្មចម្រុះ និងប្រព័ន្ធកសិកម្មសរីរាង្គ កសិអេកូឡូស៊ី (Agroecology)
•វិធីសាស្ត្រកសិកម្មឆ្លើយតបទៅនឹងអាកាសធាតុ
•ការបង្ហាញវិធីសាស្រ្តអនុវត្តន៍កសិកម្មដោយស្របតាមបរិស្ថាន
•ការចូលរួមរបស់យុវជន និងកសិករក្នុងកសិកម្មកសិអេកូឡូស៊ី (Agroecology) និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ដំនើរទស្សនៈកិច្ចនេះបានលើកទឹកចិត្ត និងជំរុញឲ្យអ្នកចូលរួមឃើញពីការអាចបញ្ចូលកសិកម្មអេកូឡូស៊ីក្នុងការអប់រំ និងអភិវឌ្ឍសហគមន៍។
ថ្ងៃទី ២៖ ទស្សនៈកិច្ចក្នុងខេត្តបាត់ដំបង
ទីតាំងទី១៖ កសិដ្ឋានគំរូរបស់កសិករ ច្រែង ថៃ
ទីតាំង៖ ស្រុកឯកភ្នំ
នៅទីតាំងនេះ អ្នកចូលរួមបានសិក្សាអំពីប្រព័ន្ធកសិកម្មចម្រុះ ដែលបញ្ចូលការដាំដំណាំ ចិញ្ចឹមសត្វ និងផលិតជីសរីរាង្គក្នុងប្រព័ន្ធតែមួយ។ ប្រព័ន្ធនេះជួយប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងបង្កើនចីរភាពក្នុងការផលិតកសិកម្ម។
ការសិក្សាសំខាន់ៗរួមមាន៖
• ការដាំបន្លែក្នុងផ្ទះសំណាញ់ ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផល
• ការផលិត និងប្រើប្រាស់ជីទឹក (EM)
• ការផលិតថ្នាំបណ្តេញសត្វល្អិតធម្មជាតិ
• ការចិញ្ចឹមកណ្តូប
• ការដាំស្មៅសម្រាប់ធ្វើជាចំណីកណ្តូប និងការកែច្នៃលាមកកណ្តូបធ្វើជាជីសរីរាង្គ
លាមកកណ្តូបអាចប្រើជាជីសរីរាង្គធម្មជាតិសម្រាប់ដំណាំ ដោយជួយកែលម្អគុណភាពដី និងស្ដារឡើងវិញប្រព័ន្ធជីវចម្រុះក្នុងដី។
ប្រព័ន្ធកសិកម្មចម្រុះនេះ អាចជួយកសិករ បង្កើនទិន្នផល កាត់បន្ថយចំណាយ កែលម្អសុខភាពដី និងបង្កើនប្រាក់ចំណូលបានយ៉ាងមានប្រសិទ្ធភាព។
ទីតាំងទី២៖ ក្រុមស្ត្រីផលិតទឹកត្រី
(ទីតាំង៖ ភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ)
នៅទីតាំងនេះ អ្នកចូលរួមបានសិក្សាអំពីដំណើរការផលិតទឹកត្រី និងការគ្រប់គ្រងអាជីវកម្មមូលដ្ឋាន ដែលដឹកនាំដោយក្រុមស្ត្រីក្នុងសហគមន៍។
ចំណុចសំខាន់ៗរួមមាន៖
• ដំណើរការផលិត និងការត្រួតពិនិត្យគុណភាពផលិតផល
• ការគ្រប់គ្រងសង្វាក់ផលិតកម្ម និងយុទ្ធសាស្ត្របង្កើនប្រាក់ចំណូល
• វិធីសាស្ត្រចូលទីផ្សារ និងការគ្រប់គ្រងអាជីវកម្ម
• ការសួរ–ឆ្លើយ និងផ្លាស់ប្តូរបទពិសោធន៍ រវាងអ្នកផលិត និងអ្នកចូលរួមទស្សនកិច្ច
ទស្សនកិច្ចនេះបានបង្ហាញពីតួនាទីសំខាន់របស់ស្ត្រីក្នុងការដឹកនាំ និងអភិវឌ្ឍអាជីវកម្មមូលដ្ឋាន។ វាជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក បង្កើនជីវភាពរស់នៅរបស់កសិករ និងរួមចំណែកកាត់បន្ថយភាពងាយរងគ្រោះក្នុងសហគមន៍។
ទីតាំងទី៣៖ កសិដ្ឋានគំរូរបស់កសិករ ស៊ិន ស៊ីនឿត
ទស្សនកិច្ចនៅទីតាំងចុងក្រោយនេះ ផ្តោតលើការផ្លាស់ប្តូរទៅរកប្រព័ន្ធកសិកម្មអេកូឡូស៊ី (Agroecology) ដែលជាវិធីសាស្ត្រផលិតសមស្របនឹងធម្មជាតិ និងចីរភាព។
ក្នុងអំឡុងពេលទស្សនកិច្ច អ្នកចូលរួមបានរៀនសូត្រ និងសង្កេតការអនុវត្តជាក់ស្តែង ដូចជា៖
• ប្រវត្តិ និងដំណើរការអភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី
• ការផ្លាស់ប្តូរពីការប្រើជីគីមី ទៅប្រើជីសរីរាង្គធម្មជាតិ
• បញ្ហាប្រឈមក្នុងការអនុវត្ត និងដំណោះស្រាយជាក់ស្តែង
• វិធីសាស្ត្រប្រមូលផល ការគ្រប់គ្រងផលិតផល និងការចូលទីផ្សារ
• ការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍អំពីការដាំដុះ និងវិធីសាស្ត្រថែទាំកសិកម្ម
ទស្សនកិច្ចនេះ បានជួយឱ្យអ្នកចូលរួមយល់ឃើញពីគំរូអនុវត្តជាក់ស្តែង ដែលអាចយកទៅអនុវត្ត និងបន្តអភិវឌ្ឍក្នុងសហគមន៍របស់ខ្លួន។
សេចក្តីសន្និដ្ឋាន
ដំណើរទស្សនកិច្ចសិក្សានេះ បានផ្តល់ចំណេះដឹងអនុវត្តជាក់ស្តែង បង្កើនទំនុកចិត្ត និងពង្រឹងភាពសហការរវាងអ្នកចូលរួម។ វាបានបង្កើតឱកាសសម្រាប់ការរៀនសូត្រពីបទពិសោធន៍ពិត និងការចែករំលែកចំណេះដឹងក្នុងសហគមន៍។
ផ្នែកផ្តោតសំខាន់
• បង្កើនការយល់ដឹងអំពីគោលការណ៍កសិកម្មចីរភាព និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ
• លើកកម្ពស់ការប្តូរបទពិសោធន៍ និងចំណេះដឹងរវាងកសិករ
• ជំរុញការអនុវត្តកសិកម្មដែលគោរពតាមច្បាប់ធម្មជាតិ និងការពារបរិស្ថាន
• ស្វែងរក និងអនុវត្តដំណោះស្រាយសមស្របសម្រាប់សហគមន៍
• ពង្រឹងបណ្តាញសហគមន៍រវាងកសិករជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះ
លទ្ធផលដែលទទួលបាន
• កែលម្អ និងបង្កើនចំណូលគ្រួសារ
• កាត់បន្ថយការពឹងផ្អែកលើជីគីមី
• លើកកម្ពស់សុខភាពដី និងការពារបរិស្ថាន
• បង្កើនគុណភាពអាហារូបត្ថម្ភ កម្រិតស្បៀងអាហារសហគមន៍ និងនិរន្តភាពនៃការផលិត
• ពង្រឹងសមត្ថភាពកសិករក្នុងការទប់ស្កាត់ និងសម្របខ្លួនចំពោះការប្រែប្រួលអាកាសធាតុ
ដំណើរទស្សនកិច្ចសិក្សានេះ មិនត្រឹមតែបង្កើនជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ភាពសហការ ផ្តល់ក្តីសង្ឃឹម និងជំរុញការអភិវឌ្ឍសហគមន៍ សម្រាប់ក្រុមកសិករជនជាតិដើមភាគតិច និងក្រុមជនងាយរងគ្រោះផងដែរ។
Study Tour for Kouy Indigenous and Marginalized Communities
Theme: Observe, Learn, Reflect, Empower, and Be Inspired through Agroecology
(Focus: Learning by exchange visit)
Date: 11–12 February 2026
The Soil for Life Association (Soil for Life–SSLA) organized a two-day agroecology study tour for Kouy Indigenous farmers from Preah Vihear Province, together with disadvantaged Indigenous groups, minority communities, and marginalized households.
Implemented as part of a broader study exchange program in Siem Reap and Battambang Provinces, the tour enabled participants to directly observe successful agroecological models, engage with experienced practitioners, and reflect on how sustainable practices can be adapted in their own communities.
——————–
Donate and Support: https://soil4life.org/donation/payway
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Website: www.soil4life.org
Reach out to our Social Media:
Facebook: fb.com/Soil4Life.Org
Tittwer: twitter.com/InfoSoil4life
Instagram: https://www.instagram.com/soil4_life…
Office Address: O’takorm II Village, TuoltaEk Commune, Battambang City, Cambodia.
________________________________________














